កម្ពុជា កំពុងស្នើសុំការសាងសង់ស្ថានីយសាកថ្មរថយន្ដអគ្គិសនីចំនួន៥ទីតាំងលើកដំបូង

ភ្នំពេញ ៖ មានចម្ងល់ជាច្រើនបានចោទឡើងថា ការជំរុញឲ្យមានការគាំទ្រ និងប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីនៅកម្ពុជាហាក់មានឧបសគ្គបន្តិចពាក់ព័ន្ធទៅនឹងកន្លែងបញ្ចូលថាមពល ឬស្ថានីយសាកថ្មរថយន្តអគ្គិសនី ជាពិសេសទីកន្លែងសម្រាប់ជួសជុលនៅពេលដែលរថយន្តបែបបច្ចេកវិទ្យាថ្មីនេះមានបញ្ហាណាមួយកើតឡើង។

ពាក់ព័ន្ធទៅនឹងបញ្ហាដូចដែលបានលើកឡើងខាងលើនេះ ក៏ដូចជាការចូលរួមគាំទ្រឲ្យមានការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា រាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូន បានធ្វើសំណើស្នើទៅ UNDP (កម្មវិធីអភិវឌ្ឍន៍របស់សហប្រជាជាតិ) ឱ្យជួយបង្កើតស្ថានីយសាកថ្មចំនួន ៥ទីតាំង ដែលក្នុងនោះទីតាំងទី១ ឋិតនៅទីស្តីការក្រសួងសាធារណៈការ និងដឹកជញ្ជូនតែម្ដង និងទីតាំងចំនួន៤កន្លែងផ្សេងទៀតឋិតនៅតាមបណ្ដារាជធានី-ខេត្តនានា ដើម្បីចាប់ផ្ដើមជំរុញការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី។

ជាមួយគ្នានេះ ក្រសួងក៏បាន និងកំពុងស្វែងរកថវិកាជំនួញដើម្បីទិញរថយន្តដើរដោយថាមពលអគ្គិសនីចំនួន ២គ្រឿង ដើម្បីជាការនាំមុខ និងជាការបង្ហាញថាក្រសួងសាធារណៈការ និងដឹកជញ្ជូនកំពុងប្រើប្រាស់យានយន្តដែលដើរដោយថាមពលអគ្គិសនី។

ជាមួយនឹងគម្រោង និងផែនការដែលបានលើកឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូនខាងលើនេះ គេរំពឹងថា វត្តមានរថយន្តដើរដោយថាមពលអគ្គិសនីនឹងមានកំណើននៅកម្ពុជាជាក់ជាមិនខាន ខណៈពេលដែលបច្ចុប្បន្ន រថយន្តប្រភេទនេះក្រោមម៉ាកសញ្ញា Tesla គេឃើញមានចរាចរណ៍នៅតាមដងផ្លូវក្នុងរាជាធានីភ្នំពេញរួចទៅហើយនោះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here