បរទេស៖ កងកម្លាំងយោធាពិសេសរបស់រុស្សីមួយក្រុមត្រូវបានគេដឹងថាបានធ្វើដំណើរមកដល់ប្រទេសកាហ្សាស្ថានហើយតបតាមការស្នើសុំរបស់ប្រធានាធិបតីកាហ្សាស្ថានក្នុងពេលដែលប្រទេសរបស់ខ្លួននៅតែបន្តមានបញ្ហាចលាចលជាមួយនឹងហ្វូងក្រុមបាតុករនៅឡើយ។
រំលឹកដែរថាជាច្រើនថ្ងៃចុងក្រោយនេះសម្លេងនៃគ្រាប់កាំភ្លើងយន្តបានផ្ទុះឡើងពេញទីក្រុង Almaty បន្ទាប់ពីភាពចលាចលដែលបង្កឡើងដោយសារតែការដំឡើងថ្លៃប្រេងឥន្ធនៈថ្លៃពេកនៅទូទាំងប្រទេសហើយជាលទ្ធផលមានមនុស្សជាច្រើននាក់មកហើយដែលបាត់បង់ជីវិតមានទាំងប៉ូលីសនិងក្រុមបាតុករផងដែរ។
ខណៈពេលជាមួយគ្នានេះប្រធានាធិបតីនៃប្រទេសកាហ្សាស្ថានតែងតែពានធ្វើការលើកឡើងថាក្នុងចំណោមពួកបាតុករគឺពិតជាមានក្រុមភេវរកម្មក្រៅប្រទេសដែលបានទទួលការហ្វឹកហាត់យ៉ាងល្អដើម្បីរៀបចំផែនការនេះ។
គួរឲ្យដឹងដែរថាកាលពីថ្ងៃពុធម្សិលមិញនេះប្រធានាធិបតីលោក Kassym Jomart Tokayev បានធ្វើការលើកឡើងអំពីសន្ធិសញ្ញាសន្តិសុខដែលដឹកនាំដោយរុស្សីឬ CSTO ដើម្បីស្នើសុំការគាំទ្រពីសំណាក់ប្រទេសជាសម្ព័ន្ធមិត្តក្នុងសន្ធិសញ្ញាដូចជារុស្សីបេឡារូសតាជីគីស្ថាននិងអាមេនីផងដែរ៕
