ធនាគារអេស៊ីលីដា ទិញមូលបត្របំណុលរបស់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ៣០លានដុល្លារ

ភ្នំពេញ ៖ ធនាគារអេស៊ីលីដា បានចំណាយទុនវិនិយោគ៣០លានដុល្លារ ទិញមូលបត្របំណុលរបស់ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) ដែលជាក្រុមហ៊ុនធានាសាងសង់របស់គម្រោងអាកាសយានដ្ឋានអន្ដរជាតិតេជោ ក្រុងតាខ្មៅ ដោយពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសញ្ញាប័ណ្ណនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មកាណាឌីយ៉ា ។

លោក Charles Vann អគ្គនាយករង CAIC បានបញ្ជាក់ថា ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាប័ណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន៣០ភាគរយ ត្រូវនឹងទឹកប្រាក់សរុប ៣៩០លានដុល្លារ (ដោយមិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគរួចដោយ CAIC)។

លោកបន្ដថា អត្រាការប្រាក់(Coupon rate) របស់សញ្ញាប័ណ្ណនេះ គឺ៥.៥ភាគរយ ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល (Tenor) ៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។ ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគ ក្នុងស្រុកមួយធំជាងគេក្នុងប្រទេសកម្ពុជា ដែលជំនាញក្នុងការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ។ ជាមួយនឹងគម្រោងសំខាន់ៗជាច្រើន ដូចជា អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និងទីក្រុងទំនើប Olympia ជាដើម។
CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលតំណាង ដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង ក្រុមហ៊ុន OCIC ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុន CAIC ក្នុងការកាន់កាប់រចនាប្លង់សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់ គ្រងប្រតិបត្តិការគម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោ ។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ មានប្រសាសន៍ថា ធនាគារអេស៊ីលីដា ភីអិលស៊ី ជាក្រុមហ៊ុន មហាជនទទួលខុសត្រូវមានកម្រិត ដែលបានបង្កើតឡើងស្របតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា និងជាធនាគារពាណិជ្ជទី១ ដែលបានចុះបញ្ជីលក់មូលបត្រក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ។

លោកបន្ដថា ធនាគារអេស៊ីលីដាភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន០៤ រួមមាន៖ធនាគារអេស៊ីលីដាឡាវ អេស៊ីលីដាស៊ីឃ្យួរឹធីភីអិលស៊ី វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា និងអេស៊ីលីដា មីក្រូហិរញ្ញវត្ថុ មីយ៉ាន់ម៉ា ព្រមទាំងមានការិយាល័យតំណាងចំនួន១ នៅប្រទេសមីយ៉ាន់ម៉ា ខណៈដែលបណ្ដាញប្រតិបត្តិការនៅទូទាំងព្រះរាជាណាចក្រកម្ពុជា មានចំនួន២៦២សាខា និងបានពង្រីកតំបន់ប្រតិបត្តិការទៅកាន់ប្រទេសឡាវ មាន ៣៨សាខា និងប្រទេសមីយ៉ាន់ម៉ា មាន១៧សាខា៕

LEAVE A REPLY

Please enter your comment!
Please enter your name here