កម្ពុជានឹងអនុវត្តគម្រោង​ពាណិជ្ជកម្មមួយដែលនឹងធ្វើឲ្យប្រសើរឡើងសម្រាប់អាជីវកម្មអនឡាញ

ភ្នំពេញ៖ គម្រោង Improving Small Package e-Trade for SMEs (SeT4SME) មានគោលបំណងសំខាន់ចំនួន២ ដើម្បីធ្វើឱ្យប្រសើរឡើងបរិយា កាសពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ខណៈដែលគម្រោងនេះត្រូវបានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការ យោគយល់គ្នារវាង លោក ជំទាវ តឹករ៉េត កំរង រដ្ឋលេខា ធិការក្រសួងពាណិជ្ជកម្ម ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងអង្គការ Swisscontact ដែលមានលោក រ៉ាជីវ ប្រាដាត (Rajiv Pradhan) នាយកប្រចាំប្រទេសរបស់អង្គការ Swisscontact កាលពីពេលថ្មីៗនេះ ។

លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជ កម្ម បានឱ្យដឹងថា គោល បំណងសំខាន់របស់គម្រោងនេះ គឺ(១) រួមចំណែកក្នុងការ អនុវត្តកិច្ចសម្រួលពាណិជ្ជកម្ម និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីធ្វើឱ្យប្រសើរឡើងបរិយាកាសពាណិជ្ជកម្មឆ្លងកាត់ព្រំដែន តាមរយៈការតភ្ជាប់ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យជាមុនរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងប្រៃសណីយ៍កម្ពុជា ជាមួយប្រទេសដៃគូពាណិជ្ជ កម្ម និង(២) ពង្រឹងបរិយា កាសពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់សហ គ្រាសធុនតូច មីក្រូ និងមធ្យម (MSMEs) ដោយបង្កើតថ្នាលអេឡិចត្រូនិកសម្រាប់ការដឹកជញ្ជូនកញ្ចប់តូច ដើម្បីជួយ MSMEs កម្ពុជាអាចទាញយកប្រយោជន៍ពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបានជាអតិបរិមា ។

លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់អង្គការ Swisscontact ដែលបានរៀបចំគម្រោងមួយនេះឡើង ដើម្បីផ្តល់ជាប្រយោជន៍ដល់សហគ្រាសធុនតូចនិងមធ្យមកម្ពុជា ក្នុងការប្រើប្រាស់ការធ្វើពាណិជ្ជ កម្មតាមប្រព័ន្ធអេឡិចត្រូនិក និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសពាណិជ្ជកម្មនៅកម្ពុជា និងឆ្លងកាត់ព្រំដែនតាមរយៈការអនុវត្តកិច្ចព្រម ព្រៀងកិច្ចសម្រួលពាណិជ្ជកម្ម ។ លោកជំទាវរដ្ឋលេខាធិការ ក៏បានលើកឡើងថា ដើម្បីអនុវត្តន៍គម្រោងនេះមាន ប្រសិទ្ធភាព និងជោគជ័យ ក្រសួងពាណិជ្ជកម្ម និងអង្គការ Swisscontact នឹងបង្កើតគណៈកម្មការតម្រង់ទិសអនុវត្តន៍គម្រោងនេះឱ្យស្របតាមគោលបំណង និងផែនការការងាររបស់គម្រោង។ ក្នុងនោះផងដែរ លោកជំទាវរដ្ឋលេខាធិការ បានរំលេចពីគម្រោង Go4eCAM ដែលក្រសួងពាណិជ្ជកម្មកំពុងអនុវត្តន៍យ៉ាងសកម្ម ដែលទាក់ទងនឹងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាពិសេសការបង្កើតផ្សារខេមបូឌាត្រេដ (Cambodiatrade.com) សម្រាប់ជួយគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យមរបស់កម្ពុជាក្នុងការលក់ផលិតផលកម្ពុជាទាំងក្នុងស្រុក និងនាំចេញទៅទីផ្សារក្រៅប្រទេស។

លោកជំទាវរដ្ឋលេខាធិការ បានបង្ហាញនូវសេចក្តីសោមនស្ស និងគាំទ្រសម្ព័ន្ធសកលសម្រាប់កិច្ចសម្រួលពាណិជ្ជកម្ម និងអង្គការ Swisscontact សម្រាប់ការអនុវត្តគម្រោងថ្មីនេះជាមួយក្រសួងពាណិជ្ជកម្ម នឹងរំពឹងថាការអនុវត្តគម្រោងនឹងសម្រេចបានតាមផែនការដែលបានគ្រោងទុក ៕

LEAVE A REPLY

Please enter your comment!
Please enter your name here