ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ ធនាគារវីង ដែលជាបុត្រសម្ព័ន្ធរបស់អ្នកឧកញ៉ា គិត ម៉េង បានចុះហត្ថលេខា ព្រមព្រៀងវិនិយោគលើកទឹកប្រាក់២លានដុល្លារ រវាងក្រុមហ៊ុន Cambodia Airport Investm ent (CAIC) តំណាងដោយ លោក ឆារស៍ វ៉ាន់ Charles Vann ជាអគ្គនាយករង និងធនាគារវីង តំណាង ដោយ លោក ហាន ប៉េងក្វាង អគ្គនាយក ក្រោមអធិបតីភាព អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ និងអ្នកឧកញ៉ា គិត ម៉េង ប្រធាន និងនាយកប្រតិបត្តិ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប សម្រាប់ ការវិនិយោគទឹកប្រាក់ចំនួន ២លានដុល្លារអាមេរិក លើសញ្ញាប័ណ្ណមានបុគ្គលធានា របស់ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ (ការបោះផ្សាយជា លក្ខណៈបុគ្គល)។

លោក ឆារស៍ វ៉ាន់ Charles Vann ជាអគ្គនាយករងក្រុមហ៊ុន Cambodia Airport Investment (CAIC) បានបញ្ជាក់ថា ទឹកប្រាក់វិនិយោគ ដែលទទួលបានពីសញ្ញាប័ណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍគម្រោងសាងសង់អាកាសយានដ្ឋាន អន្តរជាតិតេជោនៅខេត្តកណ្តាល។
គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្ន សម្រេច បាន៣០ភាគរយ ហើយត្រូវចំណាយទឹកប្រាក់សរុប ៣៩០ លានដុល្លារអាម៉េរិក (ដោយមិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគរួចដោយ CAIC)។ កន្លងមកនេះ យើងមានដៃគូវិស័យឯកជនបានចូលរួមវិនិយោគជាមួយចំនួន ៥ ក្រុមហ៊ុន នេះជាថ្ងៃទី៦ ជាមួយដៃគូ ធនាគារវីង។ អត្រាការប្រាក់(Coupon rate) របស់សញ្ញា ប័ណ្ណនេះគឺ ៥.៥ភាគរយ ក្នុងមួយឆ្នាំ ជាមួយនឹងរយះពេល (tenor) ៣ឆ្នាំ ហើយត្រូវបានធានា ដោយក្រុមហ៊ុន OCIC។

គិតរហូតបច្ចុប្បន្ននេះ ស្ថាប័នរដ្ឋ គ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនធានារ៉ាប់រងទាំងនេះបានចំណាយទុនវិនិយោគប្រមាណ ១៤៤ លានដុល្លារ ក្នុងការទិញមូលបត្របំណុលរបស់ក្រុមហ៊ុនសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ។
អ្នកឧកញ៉ា ពុង ឃាវសែ បានបន្តថា សញ្ញាបណ្ណ ដែលបានបោះផ្សាយដោយក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ មានការគាំទ្រដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងលិខិតអនុញ្ញាតផ្តល់ការថ្លឹងហានិភ័យស្មើសូន្យភាគរយ ពីធនាគារជាតិនៃកម្ពុជា ទើបក្រុមហ៊ុនបានធ្វើការបោះផ្សាយសញ្ញាប័ណ្ណ (Bond) ចំនួន ៣០០ លានដុល្លារអាមេរិក ហើយទទួលបានការគាំទ្រយ៉ាងកុះករពីស្ថាប័នរដ្ឋ គ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនធានារ៉ាប់ក្នុងស្រុក៕
