បរទេស៖ ប្រទេសរុស្សីកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញក្នុងពេលដែលស្ថានភាពតានតឹងនៅតែបន្តកើតមាននៅឡើយនោះបានប្រកាសក្នុងការបើកសមយុទ្ធយោធាថ្មីមួយទៀតមានទ្រង់ទ្រាយធំចាប់រាប់ពីតំបន់ឈូងសមុទ្រប៉ាស៊ីហ្វិករហូតទៅដល់ឈូងសមុទ្រអាត្លង់ទិក។
សមយុទ្ធយោធានេះត្រូវបានរុស្សីអះអាងថានឹងចាប់ផ្តើមធ្វើឡើងចាប់ពីខែមករានេះរហូតដល់ខែកុម្ភៈដោយមានការចូលរួមពីសំណាក់គ្រប់អង្គភាពក្រោមចំណុះឲ្យកងកម្លាំងការពារជើងទឹករបស់ខ្លួនទាំងអស់។

តាមផែនការនាវាចម្បាំងដល់ទៅ១៤០គ្រឿងនាវាគាំទ្រជាច្រើនគ្រឿងយន្តហោះ៦០គ្រឿងឧបករណ៍និងសព្វាវុធយោធាជាង១០០០គ្រឿងនិងកងកម្លាំងកងទ័ពជើងទឹកជាង១០០០០នាក់នឹងត្រូវចូលរួមនៅក្នុងសមយុទ្ធយោធានេះ។
សកម្មភាពចុងក្រោយនេះត្រូវបានគេមើលឃើញថាបានធ្វើឡើងនៅចំពេលដែលភាពតានតឹងមិនទាន់ធូរស្រាលរវាងរុស្សីនិងអាមេរិកព្រមទាំងសម្ព័ន្ធមិត្តនៅប្លុកអឺរ៉ុបផងចំពោះមុខបញ្ហានៅអ៊ុយក្រែន៕

