Realme ចាប់ផ្ដើមឈានជើងចូលទីផ្សារអឺរ៉ុប ក្រោយពេល Huawei ទទួលរងទណ្ឌកម្មអាមេរិក

ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិន Realme បានបង្ហើបឱ្យដឹងថា ខ្លួននឹងឈានជើងចូលទៅក្នុងទីផ្សារទូរស័ព្ទទំនើបរបស់អឺរ៉ុបជាមួយនឹងស្មាតហ្វូនដែលមានតម្លៃថ្លៃបំផុតមិនធ្លាប់មាន ដែលវាជាកិច្ចខិតខំប្រែងក្នុងការបង្កើនការលក់ស្មាតហ្វូន ៥០ភាគរយបន្ថែមទៀតនៅទូទាំងពិភពលោកនៅឆ្នាំនេះ។

Realme ជាក្រុមហ៊ុនទូរស័ព្ទចិនមួយដែលបានធ្វើការផ្លាស់ប្តូរទីផ្សារយ៉ាងខ្លាំងដើម្បីដណ្តើមយកចំណែកទីផ្សារសកលពីក្រុមហ៊ុន Huawei Technologies បន្ទាប់ពីការដាក់ទណ្ឌកម្មរបស់សហរដ្ធអាមេរិក បានធ្វើឱ្យមានការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុនផលិតស្មាតហ្វូនកំពូល (Huawei) ហើយបានបង្ខំឱ្យក្រុមហ៊ុននេះដកថយពីទីផ្សារអាមេរិក និងអឺរ៉ុប។

បើតាមការលើកឡើងរបស់ស្ថាបនិក និងនាយកប្រតិបត្តិ លោក Sky Li បានឱ្យដឹងថា Realme គ្រោងនឹងចាប់ផ្តើមលក់កំពូលស្មាតហ្វូន GT 2 Pro ស៊េរីទំនើបរបស់ខ្លួននៅទូទាំងទ្វីបអឺរ៉ុបនាខែកុម្ភៈខាងមុខនេះ ជាមួយតម្លៃ ៧០០ដុល្លាអាមេរិក ទៅ ៨០០ដុល្លាអាមេរិក។ ខណៈដែលតម្លៃនេះគឺច្រើនជាងរហូតដល់ពីរដងនៃស្មាតហ្វូន GT Master Edition ដែលកំពុងដាក់លក់នាពេលបច្ចុប្បន្ននៅលើវេបសាយ Amazon និងមានតម្លៃប្រហាក់ប្រហែលទៅនឹងទូរស័ព្ទស៊េរីទំនើបផ្សេងទៀតដូចជា Apple និង Samsung ជាដើម។

ស្ថាប័នវិភាគ និងស្រាវជ្រាវ Counterpoint Research បានប៉ាន់ប្រមាណថាទីផ្សារស្មាតហ្វូនរបស់អឺរ៉ុប ទទួលបានប្រាក់ចំណូលចំនួន ៨០.៦៥ពាន់លានដុល្លាអាមេរិក ត្រឹមតែរយៈពេល ១១ខែដំបូងនៃឆ្នាំ២០២១ ហើយក្នុងនោះស្មាតហ្វូនស៊េរីទំនើបមានចំនួន ៥៥.៥៦ពាន់លានដុល្លាអាមេរិក។

ចំពោះទិន្នន័យដែលបានមកពីក្រុមហ៊ុនប្រឹក្សា IDC បានបង្ហាញថាទីផ្សាអឺរ៉ុបបើប្រៀបធៀបទៅនឹងសហរដ្ឋអាមេរិកក្នុងត្រីមាសទី៣ នៃឆ្នាំ២០២១ ទាក់ទងនឹងប្រាក់ចំណូលស្មាតហ្វូនគឺមានសន្ទុះដើរយឺតជាងប្រទេសចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here