ណាសានឹងកំទេចស្ថានីយអវកាសអន្តរជាតិ ISS និងទំលាក់មកផែនដីក្នុងឆ្នាំ២០៣១

បរទេស៖ យោងតាមការប្រកាសរបស់អង្គការណាសានៅថ្ងៃសុក្រនេះបានឲ្យដឹងថាខ្លួនបានត្រៀមរៀបចំផែនការរួចមកហើយក្នុងការបំផ្លាសចោលនូវស្ថានីយអវកាសអន្តរជាតិ ISS យ៉ាងយូរបំផុតដើមឆ្នាំ២០៣១ខាងមុខនេះហើយ។

កិច្ចការងារបំពេញបេសកកម្មរបស់អវកាសយានិកទាំងអស់នឹងប្រព្រឹត្តទៅជាធម្មតារហូតដល់ឆ្នាំ២០៣០មុនពេលដែលវាត្រូវបានកំទេចចោលនិងទំលាក់មកផែនដីវិញក្នុងសមុទ្រប៉ាស៊ីហ្វិក។

ទីតាំងដែលនឹងត្រូវទំលាក់សាកសពស្ថានីយអវកាស ISS គឺជាកន្លែងដែលកាកកសំណល់ផ្កាយរណបជាច្រើនមកហើយបានធ្លាក់នៅទីនេះដូចគ្នាដែរដែលក្នុងនោះរួមមានទាំងស្ថានីយអវកាសរបស់រុស្សី Mir កាលពីឆ្នាំ២០០១ផង។

គួរឲ្យដឹងដែរថា ISS គឺជាគម្រោងការចូលរួមគ្នាពីសំណាក់ទីភ្នាក់ងារស្រាវជ្រាវអវកាសរបស់ប្រទេសមហាយក្សទាំង៥តាំងតែពីឆ្នាំ១៩៩៨ហើយជាលទ្ធផលកិច្ចការងារស្រាវជ្រាវវិទ្យាសាស្ត្រដែលមានអត្ថប្រយោជន៍បំផុតសម្រាប់ភពផែនដីមានចំនួនជាង៣០០០មកហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here